គូឡាឡាំពួៈ ប្រេងដូងដែលបានឡើងថ្លៃវិញបន្ទាប់ពីការធ្លាក់ចុះនាពេលថ្មីៗ នេះ បានទាក់ទាញអតិថិជនជាច្រើន និងខណៈពេលប្រេងឆៅឡើងថ្លៃ ដោយមានក្តីបារម្ភថា ការវាយប្រហារមកលើប្រទេសលីប៊ីពីក្រុមសម្ព័ន្ធមិត្ត នឹងបន្តធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ប្រេង។
កិច្ចសន្យាទិញលក់ប្រេងដូងសម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង១,៨ភាគរយ ដល់ ៣៣៤៦រីងហ្គីតក្នុងមួយតោន (១១១១ដុល្លារ) និងទិញលក់ក្នុងតម្លៃ ៣៣៣២រីងហ្គីតនៅត្រឹមម៉ោង ១២ និង ២នាទីរសៀលនៅទីក្រុងគូឡាឡាំពួ។ កិច្ចសន្យាទិញលក់ប្រេងដូងនាពេលអនាគត បានធ្លាក់ចុះ៤ភាគរយកាលពីពីរថ្ងៃមុន។
លោក Arhnue Tan អ្នកវិភាគប្រចាំក្រុមហ៊ុន ECM Libra Sdn បានឲ្យដឹងថា ប្រេងដូង បានឡើងថ្លៃ ដោយសារការកំណើនតម្លៃប្រេងឆៅ ដែលអាចធ្វើឲ្យប្រេងឆាឡើងថ្លៃ ដោយសារការយករុក្ខជាតិដែលអាចផលិតជាប្រេងឆាបាន ទៅផលិតជាជីវឥន្ធនៈ។ លើសពីនេះ ការឡើងថ្លៃប្រេងនេះ អាចបណ្តាលមកពីអ្នកទិញប្រេងកំពុងកេងយកប្រយោជន៍ពីការធ្លាក់ចុះ តម្លៃនៅពេលថ្មីៗនេះដើម្បីបំពេញស្តុកប្រេង។
ក្រុមហ៊ុនអង្កេតទីផ្សារឯករាជ្យ Intertek បានឲ្យដឹងកាលពីថ្ងៃទី២១ ខែមីនាថា ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ី បានធ្លាក់ចុះ ១២,៨ភាគរយក្នុងរយៈពេល ២០ថ្ងៃក្នុងខែមីនា នៅត្រឹមចំនួន ៧១៩ ៣០២តោន ធៀបនឹងខែកុម្ភៈ។ ក្រុមហ៊ុន Societe Generale de Surveillance គូប្រជែងរបស់ Intertek ក៏បានឲ្យដឹងដែរថា ការនាំចេញប្រេងដូងបានធ្លាក់ចុះ៩,៥ភាគរយក្នុងរយៈពេលដូចគ្នា ។ លោក Tan បានឲ្យដឹងថា ការងើបឡើងវិញនៃការនាំចេញប្រេងដូងនេះ នឹងកើតមាននៅខែមេសា ដោយសារការទិញបំពេញស្តុកឡើងវិញ។
ប្រេងដូង និងប្រេងសណ្តែកសៀង គឺអាចជំនួសគ្នាបានក្នុងការប្រើប្រាស់ចម្អិនអាហារ និងឥន្ធនៈ ហើយអាចទទួលរងឥទ្ធិពលពីការប្រែប្រួលតម្លៃថាមពលឡើងថ្លៃ៕ BP
Trackback(0)
TrackBack URI for this entryComments (0)
Show/hide comments










